Header Ads

គាត់ពុំមែនជាខ្មែរទេ..! ប៉ុន្តែគាត់បានជួយទារករាប់លាននាក់ក្នុងប្រទេសខ្មែរ ជួយស៊ែដើម្បីជូនពរលោកឆាប់ធូរស្បើយ


ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈសុទ្ធតែធ្លាប់ឮនិងស្គាល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដ៏ល្បីល្បាញនៅប្រទេសកម្ពុជា ហើយសម្រាប់ប្រជាជនដែលមានជីវភាពក្រីក្រនិងមធ្យម មន្ទីរពេទ្យនេះអាចជាជម្រើសចុងក្រោយនៃដង្ហើមរបស់កូន ក្មួយ និងសាច់ញាតិរបស់ពួកគេ ដោយសារតែសេវាកម្មប្រកប ដោយវិជ្ជាជីវៈនិងគុណភាពខ្ពស់ដែលផ្ដល់ជូនដោយមិនគិតប្រាក់កម្រៃ។

មិនត្រឹមតែប៉ុណ្ណោះប្រិយមិត្តក៏ប្រហែលធ្លាប់បានឮជារឿយៗនូវឈ្មោះលោកវេជ្ជបណ្ឌិត ប៊ីត រីចឆ្នឺរ (Beat Richner) ដែលត្រូវបានគេដឹងថាជាអ្នកដឹកនាំដំណើរការមន្ទីរពេទ្យនេះយ៉ាងមានប្រសិទ្ធិភាព។ ពេលនេះយើងសូមបង្ហាញត្រួសៗអំពីលោកវេជ្ជបណ្ឌិត ដើម្បីឱ្យប្រិយមិត្តជ្រួតជ្រាបបន្ថែមទៀត។

កើតនៅឆ្នាំ ១៩៤៧ នៅប្រទេសស្វ៊ីស លោកមាននិស្ស័យស្រឡាញ់មុខជំនាញវេជ្ជសាស្ដ្រ ហើយលោកបានប្រឹងប្រែងរៀនសូត្ររហូតទទួលបានសញ្ញាប័ត្រវេជ្ជសាស្ដ្រជំនាញរោគកុមារនៅឆ្នាំ ១៩៧៣ នៅឯទីក្រុងហ្ស៊ូរិច ប្រទេសស្វ៊ីស។ ក្រោយមក អំឡុងពេលបំពេញការងារជូនអង្គការកាកបាទក្រហមរបស់ស្វ៊ីស លោកបានទទួលភារកិច្ចមកប្រទេសកម្ពុជាដើម្បីបម្រើការនៅមន្ទីរពេទ្យកុមារគន្ធបុប្ផាពីឆ្នាំ ១៩៧៤ ទៅ ១៩៧៥ ។គួរបញ្ជាក់ថាមន្ទីរពេទ្យនេះត្រូវបានដាក់ឈ្មោះ “គន្ធបុប្ផា” ដើម្បីជាការរំលឹកដល់សម្ដេចព្រះអង្គម្ចាស់ក្សត្រីនរោត្តមគន្ធបុប្ផាដែលបានសោយទិវង្គតត្រឹមព្រះជន្មាយុ ៤ ព្រះវស្សា (១៩៤៨-១៩៥២) ដោយទ្រង់ព្រះប្រឈួន។

ប៉ុន្តែនៅពេលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម លោកវេជ្ជបណ្ឌិតក៏ត្រូវបានបង្ខំឱ្យចាកចេញទៅប្រទេសស្វ៊ីសវិញ។ ហើយនៅឆ្នាំ ១៩៩១ លោកបានត្រឡប់មកកម្ពុជាម្ដងទៀត និងបានកត់សម្គាល់ឃើញនូវវិនាសកម្មសង្គ្រាមមិនអាចពណ៌នា ខណៈប្រទេសមិនទាន់ស្ថិតក្នុងភាពនឹងនរនៅឡើយ។ ពេលនោះរដ្ឋាភិបាលកម្ពជាក៏បានស្នើឱ្យលោកវេជ្ជបណ្ឌិតកសាងនិងបើកដំណើរការមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់ម៉ឺននាក់។

ដោយទឹកចិត្តសណ្ដោសប្រណី ការតាំងចិត្តខ្ពស់ និងផែនការច្បាស់លាស់ លោកវេជ្ជបណ្ឌិតរីចឆ្នឺរ បានបង្កើតមូលនិធិគន្ធបុប្ផានៅដើមឆ្នាំ ១៩៩២ ហើយលោកក៏បានដឹកនាំការសាងសង់ឡើងវិញនិងការបើកដំណើរការមន្ទីរពេទ្យឡើងវិញនៅចុងឆ្នាំ ១៩៩២ តែម្ដង។ ដោយមិនមែនជាជនជាតិកម្ពុជា លោកវេជ្ជបណ្ឌិតត្រូវបានប្រជាជនខ្មែរនិងជាតិសាសន៍ដទៃគោរពកោតស្ញប់ស្ញែង ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយចិត្តរបស់លោកក្នុងការស្រោចស្រង់មន្ទីរពេទ្យដ៏សំខាន់នេះឡើងវិញនិងឈានដល់ការដំណើរការយ៉ាងរលូនមកទល់បច្ចុប្បន្ន ដោយមិនរំពឹងយកប្រយោជន៍ផ្ទាល់ខ្លួន។

លើសពីនេះលោកវេជ្ជបណ្ឌិតក៏មានជំនាញលេងឧបករណ៍តន្ដ្រីវីយូឡុងយ៉ាងស្ទាត់ជំនាញផងដែរ ហើយលោកក៏ធ្លាប់ប្រគំតន្ដ្រីដើម្បីទទួលយកប្រាក់សប្បុរសធម៌មកជួយមន្ទីរពេទ្យច្រើនដងហើយដែរ។

ដោយសារសមិទ្ធផលដ៏ធំធេងក្នុងការជួយសង្គ្រោះដល់កុមារកម្ពុជា លោកវេជ្ជបណ្ឌិតត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាលនៃប្រទេស កម្ពុជាកាលពីឆ្នាំ ២០១៦ ហើយកាលពីឆ្នាំ ២០០៣ លោកថែមទាំងទទួលបានកិត្តិយសជាពលរដ្ឋស្វ៊ីសឆ្នើមប្រចាំឆ្នាំទៀតផង។

សព្វថ្ងៃមន្ទីរពេទ្យគន្ធបុប្ផាមាន ៦ សាខា នៅភ្នំពេញនិងសៀមរាប ក្នុងនោះ ៥ ផ្ដោតលើសុខភាពកុមារ និង ១ ផ្ដោតលើសុខភាពមាតា ហើយមកទល់ពេលនេះមន្ទីរពេទ្យនេះបានជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ជំនួយថវិកាសម្រាប់ផ្គត់ផ្គង់មន្ទីរពេទ្យនេះត្រូវបានរួមផ្ដល់ដោយរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស្វ៊ីស និងសប្បុរសជននានាក្នុងស្រុកផ្ទាល់និងទូទាំងពិភពលោក៕ ប្រភពពី៖ entertainment and knowledge












No comments